នៅព្រឹកថ្ងៃទី២៩
ខែឧសភា ឆ្នាំ២០២៤នេះ លោកស្រី ហែម លក្ខិណា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា
ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា
អភិបាលខេត្តស្វាយរៀង ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន
ឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត
ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត
លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត
លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានស្នាក់ការស៊ីបការណ៍ខេត្ត
លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍
លោកមេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត
លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត
និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត
បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី
អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសេី
ជាពិសេសរក្សាបាននូវសន្តិសុខសុវត្ថិភាពល្អក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត
ក្រុមប្រឹក្សាក្រុង-ស្រុក ប្រព្រឹត្តិទៅដោយរលូន។
ក្នុងកិច្ចប្រជុំនេះ
ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-
អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលបង្ករដោយខ្យល់កន្ត្រាក់
ផ្គរន្ទះជាដើម នៅក្នុងរដូវវស្សានេះ។
២- អាជ្ញាធរក្រុង-ស្រុក
និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ត្រូវសហការបង្ក្រាបរាល់ក្មេងទំនើងទាំងអស់ដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
៣.
បន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួន។
៤.អាជ្ញាធរគ្រប់លំដាប់ថ្នាក់
ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
៥.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក
និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព។
៦.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យតាមដានបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួននៅលើបណ្តាញសង្គម និងធ្វើការឆ្លើយតប។ ទន្ទឹមនោះត្រូវខិតខំដោះស្រាយទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។
៧.អាជ្ញាធរក្រុង-ស្រុក រហូតដល់មូលដ្ឋានត្រូវតាមដានពិនិត្យទប់ស្កាត់រាល់ការទន្ទ្រានកាន់ដីរដ្ឋដោយខុសច្បាប់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីទុកជាសម្បត្តិរដ្ឋឱ្យកូនចៅជំនាន់ក្រោយ។